ព័ត៌មានជាតិ

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត ប្រគេនទៀនវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត នៅក្នុងស្រុកស្នួល

ក្រចេះ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្នួល និងឯកឧត្តម ប៉ាង ណាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នួល ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព និងពុទ្ធបរិស័ទបានយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត ដែលពិធីនេះ បានប្រារព្វធ្វើឡើងនៅវត្តវត្តសុគន្ធារាម (វត្តសេះស) ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ឯកឧត្ដម គង់ គឹមនី មានប្រសាសន៍ថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ហើយទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ គឺជាការគោរពប្រពៃណី សាសនា ព្រះពុទ្ធត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ឯកឧត្តម បានបញ្ជាក់ថា ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការគិតគូរប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសឆ្នើមរបស់កម្ពុជា បានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹក ជញ្ជូនតាមផ្លូវទឹក ដែលនិងជម្រុញកំណើតសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ពីទន្លេទៅកាន់សមុទ្រប្រវែង ១៨០ គីឡូម៉ែត្រ នឹងបន្តដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៏ជូនប្រទេសនិងប្រជាជនកម្ពុជា ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ក្នុងនោះដែរ រដ្ឋបាលខេត្តក្រចេះ បានណែនាំឲ្យបណ្តាវត្តអារាមវិហារសាសនាផ្សេង ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩ៈ០០នាទីព្រឹក ឲ្យបានព្រមៗគ្នាទូទាំងប្រទេស ។

ឯកឧត្តម អភិបាលរងខេត្ត ណែនាំផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់ សហការបង្ក្រាបរាល់ក្មេងទំនើង ដែលបង្កការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋានម៉ឺងម៉ាត់ និងបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក រឹតបន្តឹងការអនុវត្តច្បាប់ ៕

ytt

Leave a Reply

Your email address will not be published. Required fields are marked *