ព័ត៌មានជាតិ

ខ្នង លោក ឆាយ ធំប៉ុណ្ណាទើបហ៊ានល្មើសដឹកឈើម៉ៅផ្តាច់មុខរាប់ខែមកហើយ  ដឹកចេញពីតំបន់មេម៉ង់មកទុកនៅក្រុងសែនមនោរម្យដោយសុវត្ថិភាព

មណ្ឌលគិរី៖ រូបភាពវីដេអូររថយន្ត lexus 470 បានដឹកឈើចេញពីតំបន់មេម៉ង់មកទម្លាក់នៅក្រុងសែនមនោរម្យ ត្រូវបានចែកចាយបន្តពេញក្នុងបណ្តាញសង្គម ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះបញ្ហាមហន្តរាយព្រៃឈើ នៃដែនជម្រកសត្វនៅក្នុងខេត្តមណ្ឌលគិរី។

ប្រភពបានរាយការណ៍ថា រថយន្ត Lexus 470 នោះ បានដឹកឈើតាំងពីមុនចូលឆ្នាំខ្មែរ រហូតដល់ពេលបច្ចុប្បន្ននេះ ដោយមិនអាជ្ញាធរពាក់ព័ន្ធណាមួយធ្វើអីលោកនោះទេ ព្រោះអាងអំណាចមន្ត្រីធំនៅខេត្តមណ្ឌលគិរី ទើបគ្មាននរណាហ៊ានប៉ះពាល់។

អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានដឹងអំពីមហន្តរាយព្រៃឈើដែលពួកឈ្មួញ កំពុងធ្វើសកម្មភាពដឹកជញ្ជូនរាល់ថ្ងៃចេញ ពីតំបន់អភិរក្សមេម៉ង់នោះដែរឬទេ? សកម្មភាពនៃការដឹកជញ្ជូនឈើរបស់ឈ្មួញម្នាក់នេះ ត្រូវគេអះអាងថា គ្មាននរណាហ៊ានក្បែរនោះឡើយ។ពីព្រោះលោកមានអំណាចនិងខ្សែរយៈធំខ្លាំងណាស់។

បុរសដែលមានឥទ្ធិពល និងអំណាចខ្លាំង ដឹកឈើជាន់ផ្អៀង ខេត្តមណ្ឌលគិរីសព្វថ្ងៃនេះមានឈ្មោះហៅក្រៅថា បង ឆាយ ហើយ គាត់​ជាអតីតជាមន្ត្រីបម្រើការងារ នៅអគ្គិសនីខេត្តមណ្ឌលគិរី ដែលត្រូវគេបណ្ដេញ បើតាមប្រភពប្រាប់ថា បើទោះបីជាគាត់ដឹកឈើទាំងថ្ងៃ ក៏គ្មាននរណាហ៊ានសួរនាំ ឬហ៊ានដើរក្បែររថយន្ត Lexus 470 នោះដែរ។

ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា រថយន្តម៉ាក lexus 470 ពាក់ផ្លាកលេខភ្នំពេញ2AB -4126 ដែលមានភិនភាគដូចរូបភាពខាងលើ គេកត់សម្គាល់ឃើញបើកឆ្លងកាត់តាមផ្លូវពូត្រុំ មួយ​ថ្ងៃ២ជើង និងពេលខ្លះរហូត ដល់៣ជើង ហើយដឹកស្ទើរពេញពី១ខែទៅ១ខែ។ ប្រភពរាយការណ៍បន្តថា សូម្បីតែនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីខែមុននោះ ក៏រថយន្ត១គ្រឿងនេះមិនសម្រាកនោះដែរពោលគឺបន្តដឹកឈើជារៀងរាល់ថ្ងៃ។  រីឯមន្ត្រីមានសមត្ថកិច្ចនៅតាមដងផ្លូវ ជាពិសេសស្ថាប័នជំនាញក៏ត្រឹមតែបានលូកដៃ ទទួលយកលាបសក្ការៈពីឈ្មួញម្នាក់នេះជារៀងរាល់ថ្ងៃនោះដែរ។

ប្រជាពលរដ្ឋរាយការណ៍ថា វាជារថយន្តដឹកបទល្មើសព្រៃឈើចេញពីតំបន់អភិរក្សមេម៉ង់ ឆ្ពោះមកក្រុងសែនមនោរម្យ  ដោយយកទៅទម្លាក់នៅទីតាំងផ្ទះមួយកន្លែងដូចឃើញក្នុងរូបភាពនេះ ស្ថិតនៅចំណុចខាងក្រោយវត្តលើ ក្នុងភូមិពូត្រុំ សង្កាត់មនោរម្យ ។ ការដឹកជញ្ជូនឈើត្រូវបានរឹតបន្តឹងនៅក្នុងខេត្តមណ្ឌលគិរី  ប៉ុន្តែសម្រាប់រថយន្ត១គ្រឿងនេះត្រូវគេប្រាប់ថា គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ដោយសារតែគេយកស្បែកខ្លា នៅស្ថាប័នយុត្តិធម៌មកប្រើបាំងពាសពីខាងក្រៅ។ នេះគឺជាអំណាចនិងឥទ្ធិពលរបស់លោកឆាយ ដែលគេអះអាងថា គ្មាននរណាហ៊ានក្អកនោះទេ។ ប្រភពខ្សឹបថា ជារឿយៗលោកឆាយ មានវត្តមាននៅទីតាំងផឹកស៊ីជាមួយអ្នកកាងនោះទៀតផង។

ទោះជាយ៉ាងណាអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺ ពីប្រធានដែនជំរកសត្វព្រៃភ្នំព្រិច លោក ព្រហ្ម វិបុលរតនៈ លោកបានប្រាប់អ្នកសារព័ត៌មានយើងថា គាត់ទើបតែទទួលដំណឹងបានពីរបីថ្ងៃនេះទេ ពីប្រធានមន្ទីរថាពិតជាមានការដឹកជញ្ជូនខុសច្បាប់មែន លោកនឹងព្យាយាម​​តាមដានសភាពការណ៍ទប់ស្កាត់ និងមានវិធានការណ៍ ទៅតាមផ្លូវច្បាប់ឲ្យខានតែបាន។

ទោះយ៉ាងណាក៏ដោយប្រជាពលរដ្ឋ រំពឹងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ នាយឧត្តមសេនីយ៍ សៅ សុខា ក៏ដូចជាអភិបាលខេត្តមណ្ឌលគិរី លោកថងសាវុន ដែលជាអ្នកប្រតិបត្តិការនៅនឹងកន្លែង នឹងពិនិត្យមើលករណី បុរសជើងខ្លាំងឈ្មោះឆាយនេះផងទាន ពីព្រោះបើអាងទៅលើសមត្ថភាព មន្ត្រីជំនាញនៅតាមដងផ្លូវពីមេម៉ង់ មកក្រុងសែនមនោរម្យ គ្មាននរណាហ៊ានក្អកជា មួយមេឈ្មួញចាស់វស្សាទេ។ មិនហ៊ានក្អក ក៏ព្រោះតែបានលាភ​សក្ការៈបន្តិចបន្តួចផង ជាមួយនឹងការគំរាមកំហែងរបស់លោក ឆាយ នោះផង។ ប្រជាពលរដ្ឋសង្ឃឹមថា ព្រៃឈើដែលនៅសេសសល់និងនៅបន្តគង់វង្ស៕

ytt

Leave a Reply

Your email address will not be published. Required fields are marked *