ក្រចេះ៖ នៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ដោយមានកិច្ចសហការជាមួយកម្លាំងកងអាវុធហត្ថលើផ្ទៃប្រទេសបានចុះទៅឃាត់រថយន្តដឹកបទល្មើសព្រៃឈើមួយគ្រឿងម៉ាកសាំយ៉ុងស្ថិតនៅចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មួយសន្ទុះក្រោយមកគេឃើញក្រុមឈ្មួញបានឡាំប៉ាយ៉ាងខ្លាំង រួចហើយក៏បានរំដោះយករថយន្តដឹកឈើនោះចេញបាត់ដោយសុវត្ថិភាព ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបមួយគ្រឿងនេះម្ចាស់ឈ្មោះចែស្រី ផ្ទះនៅភូមិរកាកណ្ដល បានយកមកលាក់ទុកនៅចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៤ ខាងលើដោយមិនដឹងមូលហេតុ។
ឃើញដូច្នេះ ប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ឱ្យចុះមកត្រួតពិនិត្យភ្លាមៗ គេឃើញមានកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ និងមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះមកដល់ទីតាំងខាងលើ ប៉ុន្តែមិនដឹងជាមានរឿងអ្វីកើតឡើងទេ យមកគេឃើញក្រុមឈ្មួញបានរំដោះយករថយន្តដឹកឈើនោះចេញបាត់ ដោយសុវត្ថិភាព ឯកម្លាំងជំនាញដែលចុះទៅបង្រ្កាបនោះ បានត្រឹមឈរសម្លឹងមើលមុខគ្នាឡេងឡង់ៗរៀងៗខ្លួនតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋដែលនៅនឹងកន្លែងកើតហេតុសម្ដែងការហួសចិត្តជាខ្លាំង ព្រោះក្នុងនាមជាអាជ្ញាធរដែលទទួលបានការចាត់តាំងពីមន្ត្រីថ្នាក់លើឱ្យចុះមកបង្រ្កាប និងការពារទប់ស្កាត់បទល្មើសធនធានធម្មជាតិព្រៃឈើ តែបែរជាបណ្តោយឱ្យក្រុមជនល្មើសរំដោះរថយន្តប្រព្រឹត្តបទល្មើសចេញពីដៃរបស់ខ្លួនបានយ៉ាងងាយស្រួលបែបនេះទៅវិញ។
ប្រភពបានបន្តទៀតថា មេឈ្មួញឈើចាស់វស្សាម្នាក់នេះឈ្មោះ ចែស្រី ដែលគេស្គាល់ថា ជាមេឈ្មួញប្រចាំខេត្តក្រចេះ តែងធ្វើសកម្មភាពដឹកឈើជាប្រចាំ ចេញពីឃុំរលួស កាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ ឃុំរលួស ស្រុកអូរឃៀងសែនជ័យ ដែលជាភូមិសាស្ត្ររបស់លោក រុន តូនី គ្រប់គ្រង និងបានឆ្លងកាត់ក្រុងក្រចេះយ៉ាងរលូន។
តើមេឈ្មួញជួញឈើចាស់វស្សាម្នាក់នេះមានខ្នងបង្អែក ជាមន្ត្រីខិលខូចមួយចំនួនដូចមជ្ឈដ្ឋានចោទប្រកាន់មែនឬ? ដោយបានលាភសក្ការៈជាកញ្ចប់ រាប់ចាប់ពីមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ទើបការចុះបង្ក្រាបលើរថយន្តមេឈ្មួញរូបនេះ តែងរងនូវការបរាជ័យរហូតមក។
ក្រោយអង្គភាពយើងបានសុំការបំភ្លឺពីលោក គឹម ភក្រ្តា មេស្នាក់ការសន្តិសុខ ៧០៨ លោកមានប្រសាសន៍ថា មេឈ្មួញចាស់វស្សាឈ្មោះចែៗម្នាក់នេះ ជាមេកន្ទ្រាញក្នុងខេត្តក្រចេះបាននាំបក្សពួកគូកនសំរុករំដោះឡានឈើចេញពីកន្លែងលាក់ និងប៉ុនប៉ងធ្វើមនុស្សឃាតលើកម្លាំងសមត្ថកិច្ច និងអ្នកកាសែតទៀតផង ដូច្នេះហើយលោកមិនអាចទប់ទល់ និងសភាពការណ៍នេះបាន ព្រោះក្រុមបទល្មើសសាហាវពេក លោកខ្លាចមានគ្រោះថ្នាក់ដល់មនុស្ស និងសម្ភារៈ ទើបបានជាបទល្មើសនេះរត់រួចតែម្ដងទៅ។
ជុំវិញករណីខាងលើនេះមេស្នាក់ការសន្តិសុខ៧០៨ លោកបានប្រាប់អ្នកសារព័ត៌មានយើងថាលោកបានរាយការណ៍ទៅកម្លាំងស្រុក និងខេត្ត ឲ្យចាត់ការរឿងហ្នឹងបន្តហើយ។
ចំពោះការឆ្លើយតបរបស់មេស្នាក់ការសន្តិសុខ៧០៨នេះ ប្រជាពលរដ្ឋបានលើកឡើងថា មិនដឹងថាពិតប្រាកដ ឬមានអ្វីនៅពីក្រោយនៃការរំដោះរថយន្តដឹកឈើចេញពីដៃសមត្ថកិច្ចឡើយ។ ពលរដ្ឋក៏ដូចជាស្ថាប័ននានា សុំសំណូមពរដល់អាជ្ញាធរស្រុកខេត្ត ដែលមានលោក វ៉ា ថន និង នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាគណៈកម្មការឯកភាពបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសសូមដាក់ការស៊ើបអង្កេតអំពីបញ្ហារឿងមិនប្រក្រតីខាងលើ និងមន្ត្រីក្រោមអាវ៉ាទផងទាន។
អង្គភាពសារព័ត៌មានយើងខ្ញុំនៅតែរង់ចាំការបកស្រាយបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធ គ្រប់ពេល និងរាល់ម៉ោងធ្វើការ។