ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាល រំលឹកឡើងវិញស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត

 

ក្រចេះ៖ កាលព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សហការណ៍ជាមួយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ជូនថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់អង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ ។

លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល០៣ថ្ងៃ រៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនចំណេះដឹង និងបទពិសោធន៍លើការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ និងបុគ្គលិកពាក់ព័ន្ធ ពិសេសមន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបានផ្លាស់ប្ដូរថ្មី រួមទាំងមន្ត្រីបុគ្គលិកដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលនាពេលកន្លងមក។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម បួន ហេង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះយកទៅអនុវត្ដឱ្យបានជោគជ័យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រមសីលធម៌ និងមនៈសិការវិជ្ជាជីវៈ នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់ការផ្ដល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរឡើង និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេស បុគ្គលិកពាក់ព័ន្ធរបស់អង្គភាពច្រកចេញចូលតែមួយ ចាំបាច់ត្រូវមានស្មារតីបំពេញការងារជាក្រុម រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងកិច្ចសហប្រតិបត្ដិការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធនានា និងគ្រប់ផ្នែកក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត និងមន្ទីរ អង្គភាព ដើម្បីសម្រេចបាននូវភារកិច្ចប្រកបដោយជោគជ័យ។

លើសពីនេះ ឯកឧត្តម បានជម្រុញណែនាំដល់សិក្ខាកាម ត្រូវខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមទៀតលើឯកសារលិខិតបទដ្ឋាន បែបបទ និងនីតិវិធីនៃការផ្ដល់សេវាក្នុងវិស័យដែលមានការពាក់ព័ន្ធពីគ្រប់មជ្ឈដ្ឋាន ជាពិសេស ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការបំពេញការងារ ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួន និងសម្របខ្លួនជាមួយការរីកចម្រើនដ៏ឆាប់រហ័ស នៃកំណែទម្រង់ក្នុងសង្គមជាតិយើង ក៏ដូចជានៅក្នុងតំបន់ និងសកលលោក ដើម្បីធានាប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋ ជៀសវាងមិនអោយមានការកកស្ទះសេវា ដែលប្រជាពលរដ្ឋបានស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ៕

ytt

Leave a Reply

Your email address will not be published. Required fields are marked *