ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងត្រឹមតែប៉ុន្មានថ្ងៃធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះកើនឡើងជាលំដាប់

ក្រចេះ៖ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងជាបន្តបន្ទាប់ គឺមានកម្ពស់ ១៥.៣១ម៉ែត្រ ខណៈដែលស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រៀងរាល់ថ្ងៃនៅតាមបណ្តាស្រុក ក្រុងទាំង៧ នៅទូទាំងខេត្តក្រចេះ និងបណ្ដាលឲ្យ​ស្រុកមួយចំនួនមានការជន់លិចផ្លូវលំ និងស្ពានមួយចំនួនផងដែរ ។

ជាក់ស្ដែងនៅថ្ងៃទី១៧ ខែកក្កដានេះ ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ស្រោចស្រព ក្នុងភូមិសាស្ត្រនៃខេត្តក្រចេះ ដែលបណ្ដាលឱ្យទឹកអូរ ព្រែក មួយចំនួន មានការជន់ឡើង បង្កឱ្យមានការលិចផ្លូវលំ ឬស្ពានមួយចំនួន តែទោះជាយ៉ាងណាអាជ្ញាធរថា មិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរនៅឡើយនោះទេ។

ដោយឡែកនៅស្រុកអូរគ្រៀងសែនជ័យ លោក ឈា ផល្លី អភិបាលស្រុកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ លោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យមើលជាក់ស្ដែងអំពីស្ថានភាពរស់នៅបងប្អូនប្រជាពលរដ្ឋ ស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ផ្សេងៗ ដោយសារជំនន់ទឹកភ្លៀង និងដើម្បីត្រៀមបង្កា អន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យ​បានទាន់ពេលវេលា។

លោកបានបន្តថា ជំនន់ទឹកភ្លៀងធ្វើបានប៉ះពាល់ដល់ផ្លូវចំនួន២ខ្សែ ទី១-ផ្លូវលំបំបែកតភ្ជាប់ពីចំណុចមណ្ឌលសុខភាពក្បាលដំរីទៅស្រុកសំបូរ កសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ នៅម្តុំស្ពានអូរតាណឹង ទឹកហូរកាត់ និងច្រោះផ្លូវអស់ប្រវែង១៥០ម៉ែត្រ និងទី២-ផ្លូវលំ កសាងឡើងដោយឃុំ នៅម្តុំស្ពានអូតាណឹងដែរ ទឹកហូរកាត់ និងច្រោះផ្លូវប្រវែង ប្រហែល៥០០ម៉ែត្រ និងទំនប់ ១កន្លែង នៅក្នុងឃុំក្បាលដំរី ។ នៅឃុំរលួសមានជ័យ ជំនន់ទឹកភ្លៀងធ្វើឱ្យទឹកជន់លិចស្ពានឈើមួយកន្លែង នៅចំណុចអូរគគីរនិងខូចខាតលូ១កន្លែង នៅចំណុចអូរស្កឹប។

យោងតាមរបាយការណ៍ពីប្រធានធនធានទឹកឧតុនិយមខេត្តថា នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នេះទឹកទន្លេមេគង្គក្នុងខេត្តក្រចេះមានកម្ពស់ ១៥.៣១ម៉ែត្រ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ឆ្នាំនេះកើនឡើងជាង ៣.៨១ម៉ែត្រ ហើយបើធៀបទៅនឹងថ្ងៃម្សិលមិញ មានការកើនឡើងជាង១ម៉ែត្រ ។

សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តក្រចេះ កម្រិតទឹកនៅមិនទាន់ដល់កម្រិត ប្រកាសអាសន្ននៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក្តីបងប្អូនប្រជាពលរដ្ឋរស់តាមដងទន្លេមេគង្គ តាមអូរ ព្រែកមួយចំនួន ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស​ចំពោះកុមារ ជនចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ និងជនងាយរងគ្រោះដោយសារទឹកជំនន់ ដើម្បីជៀសវាងកើតមានគ្រោះ​ថ្នាក់ជាយថាហេតុ ៕

 

ytt

Leave a Reply

Your email address will not be published. Required fields are marked *