ក្រចេះ៖ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរស់នៅភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានឃើញក្រុមការងារមួយក្រុមបានមកដកស្លាកយីហោស្រាបៀរអាន់ឆ័រ (ANCHOR) ដកចេញពីលើដំបូលផ្សារសហគមន៍ដីសម្បទាន ពួកគាត់មានរំភើបចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងខ្ញុំបានដាក់ចុះផ្សាយពីស្លាកយីហោស្រាបៀរអាន់ឆ័រនេះ (ANCHOR) នៅលើដំបូលផ្សារដីសម្បទាន ខេត្តក្រចេះ ម្តងរួចមកហើយ ទើបតែនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្លាកយីហោនេះត្រូវបានដកចេញពីលើដំបូលផ្សារសហគមន៍ដីសម្បទាន ស្ថិតនៅភូមិដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយជោគជ័យហើយ។
ប្រភពពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា ពួកគាត់ពិតជារំភើប និងត្រេកអរក្រៃលែង ដោយអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការដកស្លាកយីហោស្រាបៀរ អាន់ឆ័រ (ANCHOR) នេះចេញពីលើដំបូលផ្សារដីសម្បទាននេះខ្លាំងណាស់ ដោយកន្លងមកពួកគាត់មិនចង់ឱ្យដាក់តាំងស្លាកស្រាបៀរនៅលើដំបូលផ្សារនេះទេ ព្រោះគឺជាកន្លែងដែលមិនស័ក្តិសមនឹងដាក់សា្លកយីហោស្របៀរនោះទេ។
ប្រភពបន្តថា តំបន់ផ្សារសហគមន៍ដីសម្បទាននេះគឺស្ថិតនៅជិតសាលាបឋមសិក្សា និងស្ថិតនៅជិតវត្តទៀត ពេលដែលកូនសិស្សចេញពីសាលារៀន អ្វីដែលពួកគេឃើញមុនគេនោះគឺ ស្លាកយីហោស្របៀរអាន់ឆ័រ តើកូនៗរបស់ពួកគាត់នឹងក្មេងដទៃទៀតនោះ នឹងមានភ្នត់គំនិតយ៉ាងមិចដែរបើឃើញដូច្នេះ? សាលាឋមសិក្សាគឺថ្នាលដំបូងដែលអប់រំធនធានជំនាន់ក្រោយឱ្យដឹងពីអ្វីត្រូវ និងអ្វីដែលមិនត្រឹមត្រូវ ពួកគេនៅក្មេងកំពង់រៀនសូត្រមេរៀនល្អៗ និងទង្វើល្អៗ តែបើដាក់ស្លាកយីហោធំយ៉ាងនេះនៅក្បែរសាលារៀនរបស់ពួកគេហើយ តើអនាគតពួកគេនឹងទៅជាយ៉ាងណា? ហើយស្លាកនេះក៏នៅចំពីមុខវត្តថែមទៀត។
ប្រជាពលរដ្ឋដែលរស់នៅភូមិដីសម្បទានកាកុត និងនៅក្នុងតំបន់ផ្សារសហគមន៍ដីសម្បទានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋាន ប្រធានផ្សារសហគមន៍ដីសម្បទាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ បានចាត់វិធានការដកស្លាកយីហោស្រាបៀរអាន់ឆ័រ (ANCHOR) នេះចេញពីលើដំបូលផ្សារដីសម្បទាននេះចេញ និងសូមកោតសរសើរចំពោះការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងបានអនុវត្តចំណាត់ការភូមិឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងសុំសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តក្រចេះ សុំកុំយកស្លាកយីហោស្របៀរផ្សេងៗមកដាក់លើដំបូលផ្សារនេះទៀត ហើយជាចុងក្រោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចកាកត់សង្ឃឹមថា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកអភិបាលស្រុក ចិត្របុរី និងលោកមេឃុំសំបុក ទទួលយកតាមសំណូមពររបស់ពួកគាត់ផងចុះ៕