សុខភាព៖ អ្នកណាខ្លះដែលតែងតែរំលងនូវអាហារពេលព្រឹក ដោយគិតថាវាមិនសូវ មានសារសំខាន់តែការគិតនេះគឺផ្ទុយនោះទេអាហារពេលព្រឹកអាចជួយដល់សុខភាពយើងជាច្រើន លើសពីនោះបើយើងតែងតែមិនទទួលទានអាហារពេលព្រឹកជាញឹកញយនោះនឹងអាចប្រឈមហានិភ័យជាច្រើននេះបើយោងតាមផេកវេជ្ជបណ្ឌិតកម្ពុជាដោយក្នុងនោះរួមមាន៖
- ធ្វើឱ្យប៉ះពាល់ដល់បេះដូង : យោងតាមការសិក្សាដែលបានចុះផ្សាយនៅJAMAបានឱ្យដឹងថាអ្នកដែលមិនទទួលទានអាហារពេលព្រឹកអាចប្រឈមមុខនឹងហានិភ័យនៃការគាំងបេះដូងច្រើនជាងអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំរហូតទៅដល់២៧%។អ្នកដែលមិនទទួលទានអាហារពេលព្រឹកក៏ងាយប្រឈមមុខទៅនឹងជំងឺលើសឈាមដែលជាហេតុនាំអោយមានការកកស្ទះសរសៃឈាម។
- ប្រឈមមុខទៅនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ : សាលាសុខភាពសារធារណៈនៃសកលវិទ្យាល័យ Harvard បានធ្វើការសិក្សាផ្តោតសំខាន់ទៅលើការជាប់ទាក់ទងទៅនឹងទម្លាប់នៃការបរិភោគនិងសុខភាពបានធ្វេីការបង្ហាញថាស្រ្តីដែលមានទម្លាប់មិនទទួលទានអាហារពេលព្រឹកគឺមានហានិភ័យខ្ពស់ក្នុងការវិត្តន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២បើប្រៀបទៅនឹងស្រ្តីដែលទទួលទានអាហារពេលព្រឹកជាប្រចាំ។
- ធ្វើឱ្យឡើងទម្ងន់: យោងតាមការសិក្សាដែលទាក់ទងទៅនឹងផលប៉ះពាល់នៃការមិនទទួលទានអាហារពេលព្រឹកបានបញ្ចាក់ថាការមិនទទួលទានអាហារពេលព្រឹកអាចធ្វើឱ្យចំណង់អាហារដែលមានជាតិខ្លាញ់និងជាតិស្ករកើនឡើង។ ហើយម៉្យាងវិញទៀតនៅពេលដែលមិនទទួលទានអាហារពេលព្រឹកនោះចំណង់អាហារនឹងកើនឡើងកាន់តែខ្លាំងហើយនៅពេលនោះអ្នកនឹងបរិភោគអាហារកាន់តែច្រើន។ ហេតុនេះហើយការមិនទទួលទានអាហារពេលព្រឹកជាប្រចាំអាចបណ្តាល់អោយឡើងទម្ងន់។
- ផលប៉ះពាល់ទៅលើថាមពលនិងអារម្មណ៍: យោងតាមការសិក្សានៃទិនានុប្បវត្តិដែលមានឈ្មោះថាឥរិយាបថសរីរវិទ្យាក្នុងឆ្នាំ១៩៩៩បានបញ្ចាក់ថាការមិនទទួលទានអាហារពេលព្រឹកនាំអោយមានការជះឥទ្ធិពលទៅលើអារម្មណ៍និងថាមពលជាខ្លាំង។ វាធ្វើឱ្យការចងចាំចុះខ្សោយនិងឆាប់អស់កម្លាំង។
- ហានិភ័យនៃជំងឺមហារីក: ការរំលងអាហារពេលព្រឹកអាចធ្វើឱ្យអ្នកទទួលទានអាហារដែលខូចសុខភាពកាន់តែច្រើនដែលអាចបណ្តាលឱ្យមានការឡើងទម្ងន់ នេះបើយោងតាមការស្រាវជ្រាវមួយបានឱ្យដឹងថាអ្នកដែលឡើងងទម្ងន់ហួសប្រមាណងាយនឹងប្រឈមមុខទៅនឹងហានិភ័យនៃជំងឺមហារីក។
- ធ្វើឱ្យប៉ះពាល់ដល់ការដំណើរការនៃខួរក្បាល: ការចាប់ផ្តើមថ្ងៃថ្មីមួយទៀតជាមួយអាហារពេលព្រឹកអាចជួយបង្កើននូវមុខងារនៃប្រព័ន្ធខួរក្បាល។ ការស្រាវជ្រាវបានបញ្ចាក់ថាអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំក៏អាចជួយឱ្យភ្នែកដំណើរការបានល្អផងដែរ។
- អាចបណ្តាលអោយឈឹក្បាល: ការមិនទទួលទានអាហារទៀងទាត់គឺអាចបណ្តាលអោយមានការធ្លាក់ចុះយ៉ាងខ្លាំងនៃកម្រិតជាតិស្ករ។ ដែលជាហេតុនាំអោយមានការបញ្ចេញអ័រម៉ូនដើម្បីសងទៅដល់កម្រិតជាតិស្ករដែលត្រូវបានបាត់បង់។ម៉្យាងវិញទៀតវាក៏បង្កើននូវកម្រិតនៃសម្ពាធឈាមដែលអាចបង្កអោយឈឺក្បាល។
- បណ្តាលអោយជ្រុះសក់: ការទទួលទានអាហារដែលមានកម្រិតប្រូតេអ៊ីនទាបជាមូលហេតុដែលអាចប៉ះពាល់ទៅដល់កម្រិតនៃ Keratin ដែលអាចប៉ះពាល់ទៅដល់ការលូតលាស់នៃគល់សក់និងបណ្តាលអោយជ្រុះសក់។ ហើយអាហារពេលព្រឹកដែលត្រូវបានគិតថាជាអាហារដែលមិនចាំបាច់នោះគឺមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញទៅដល់ការលូតលាស់នៃឫសសក់។
- អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ: វាប្រៀបបានទៅនឹងរថយន្តមួយដែរ។បើគ្មានសាំងរថយន្តនោះក៏មិនអាចដំណើរការបានដែរ។ មនុស្សក៏ត្រូវការអាហារពេលព្រឹកដើម្បីជួយអោយប្រព័ន្ធរំលាយអាហារចាប់ផ្តើមធ្វើការ។ យោងតាមការស្រាវជ្រាវជាច្រើនដែលទាក់ទងទៅនឹងសារៈសំខាន់នៃការទទួលទានអាហារពេលព្រឹកបានបង្ហាញថាអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំនឹងមានកម្រិតនៃការរំលាយអាហារខ្ពស់ជាងអ្នកដែលមិនទទួលទានអាហារពេលព្រឹក៕