ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកសារព័ត៌មានចំនួនបីរូបត្រូវបានកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ឃាត់ខ្លួនអស់រយៈពេលជិត១០ម៉ោងដោយចោទថាបានរំលោភដែនសមត្ថកិច្ច និងបានឱ្យធ្វើកិច្ចសន្យាមិនឲ្យចុះផ្សាយ ក្រុមអ្នកសារព័ត៌មានទាំងបីនាក់បានចុះខ្ញុំព័ត៌មានពីប្រជាពលរដ្ឋបញ្ហាវិវាទដីធ្លី។
កាលពីនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើបណ្តាញផ្សព្វផ្សាយសង្គមបានផុសរូបវាស់កម្ពស់របស់អ្នកសារព័ត៌មានចំនួន៣រូបដែលមកពីសារព័ត៌មាន សាន ព្រហ្ម គឺរួមមាន ១- លោក ហ៊ុយ ឧត្តម ២- លោក គង់ កាន ៣- លោក ពាត់ ពន្នរិន បង្ហោះនៅក្នុងប្រព័ន្ធតេលេក្រាមធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម និងបណ្តារអ្នកសារព័ត៌មានទូទាំងប្រទេស។
លោក ហ៊ុយ ឧត្តម បានរៀបរាប់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នោះលោកនិងក្រុមការងារ បានធ្វើដំណើរទៅក្រុងព្រះសីហនុដើម្បីកម្សាន្តទេ តែទៅដល់ក៏មានប្រជាពលរដ្ឋបានខលមកគាត់ថា បើទៅដល់ទីនោះឈាងចូលមកសម្ភាសន៍ពួកគាត់ផង រួចគាត់បានខលទៅប្រាប់លោក សាន ព្រហ្ម លោកក៏ឱ្យគាត់ចូលយកព័ត៌មាននៅទីនោះទៅ លុះទៅដល់ធ្វើការសម្ភាសន៍ប្រជាពលរដ្ឋរួចហើយបានផ្តិតយករូបភាពខ្លះៗរួច ក៏មានកងកម្លាំងចម្រុះអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានចុះមក លោកចូលទៅសាកសួរព័ត៌មានបន្ថែម តែកងកម្លាំងនគរបាលបាននិយាយថា ចាំទៅដល់អធិការដ្ឋានសិនចាំលោកផ្តល់ចម្លើយតែដល់ពេលទៅដល់បែជាមិនផ្តល់បទសម្ភាសន៍ហើយបានឃាត់ខ្លួនពួកគាត់អស់ជិត១០ម៉ោង ហើយបានឱ្យធ្វើកិច្ចសន្យាមិនធ្វើវីដេអូផ្សព្វផ្សាយ ដោយអាងថាគាត់ជាអ្នកសារព័ត៌មាននៅភ្នំពេញគ្មានសិទ្ធិមកផ្សាយនៅខេត្តគេផ្សេងទេ។
លោក ហ៊ុយ ឧត្តម បានបន្តថា លោកមិនបានផ្សាយបន្តផ្ទាល់ទេ គឺលោកគ្រាន់តែសម្ភាសន៍ជាមួយប្រជាពលរដ្ឋ និងថតវីដេអូទុកទេ ព្រោះមិនទាន់បានសាកសួរដល់ស្រុកជុំវិញករណីនេះនៅឡើយ។
ក្រោយពីមានការផុសបន្តគ្នាផ្អើលពេញបណ្តាញសង្គមពីករណីខាងលើនេះអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានចេញសេចក្តីបំភ្លឺព័ត៌មានថា កន្លងមកមានជនឱកាសនិយមបានបង្កើតពាក្យចាមអារ៉ាមក្នុងគោលបំណងញ៉ុះញង់ប្រជាពលរដ្ឋឱ្យយល់ច្រលំមកលើអាជ្ញាធរមានសមត្ថកិច្ចស្រុកស្ទឹងហាវដោយបង្កើតពាក្យថា «មេភូមិ មេឃុំ នៅភូមិ១ ឃុំឃិតជាប្រព័ន្ធយកដីលក់ឱ្យចិន» ព័ត៌មាននេះ ឮដល់អ្នកសារព័ត៌មាន ហើយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏មានអ្នកសារព័ត៌មានចំនួន៣រូប និងប្រជាពលរដ្ឋមួយក្រុមបានប្រមូលផ្តុំជួបជុំគ្នាដើម្បីធ្វើបទសម្ភាសន៍ប្រជាពលរដ្ឋ ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវអញ្ជើញអ្នកសារព័ត៌មានទាំង៣មកអធិការដ្ឋានស្រុកដើម្បីសាកសួរ។
ក្រោយពីការសាកសួរបំភ្លឺ និងបូកសរុបលទ្ធផលករណីខាងលើរួច លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ក៏បានរាយការណ៍ជូនលោកអភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ ក្នុងសេចក្តីបំភ្លឺក៏បានបំភ្លឺដែរថា ករណីឃាត់ខ្លួនអ្នកសារព័ត៌មានទាំង៣នាក់ពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយឡើយ។
យោងតាមហ្វេសប៊ុកផេកអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយបង្ហោះសារជាមួយនឹងសំណេរថា «អ្នកសារព័ត៌មានបានជួបប្រជាពលរដ្ឋចំនួន១២៥ គ្រួសារនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពួកគាត់បានរៀបរាប់ប្រាប់បងប្អូនអ្នកសារព័ត៌មានថា ពួកគាត់មានចំនួន១២៥ គ្រួសាររងទុក្ខដោយសារតែមន្ត្រីស្រុកស្ទឹងហាវ ចៅហ្វាយស្រុកស្ទឹងហាវចាស់ និងមេភូមិទំនប់រលក បានរៀបចំជាប្រព័ន្ធចោទប្រកាន់ប្រជាពលរដ្ឋរស់នៅទីនោះថាបានរស់នៅលើដីរបស់ក្រុមហ៊ុន ប្រជាពលរដ្ឋបានបន្តថា ដីដែលគាត់កំពង់រស់នៅជាដីសមាគមរបស់សម្ដេចពុកដែលចែកឱ្យ មូលហេតុអ្វីបានជាពួកគាត់ចោទពួកខ្ញុំរស់នៅលើដីក្រុមហ៊ុនអញ្ចឹង។
ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក រស់ កី អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានទេ តែបើតាមការឱ្យដឹងពីលោក ហ៊ុយ ឧត្តម ថា លោក រស់ កី បដិសេធការបែកធ្លាយរូបវាស់កម្ពស់នេះ អង្គភាពរបស់យើងក៏មិនទាន់អាចសុំការបំភ្លឺពីលោក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុនៅឡើយដែរ។