រតនគិរី៖ អាជីវករម្នាក់លក់ផ្លែឈើនៅខាងមុខផ្សារបានលុងបានស្រែកទ្រហ៊ោយំត្បិតខឹងសន្តិសុខម្នាក់បានយកផ្លែឈើគាត់កំពុងដាក់លក់សុខៗយកទៅគ្រវែងចោលហើយថា អាជីវកររូបនោះដាក់លក់គ្មានសណ្ដាប់ធ្នាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤ ខណ:ពេលអាជីវកររូបនោះបានដាក់តាំងផ្លែឈើលក់នៅផ្សារបងប្អូនជនជាតិដូចសព្វដង។
អាជីវករឈ្មោះ ណា រ៉ែន ជាអ្នកលក់ផ្លែឈើបានប្រាប់មកអ្នកសារព័ត៌មានយើងទាំងហូរទឹកភ្នែកថាកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ គាត់ដាក់លក់ផ្លែឈើដូចសព្វមួយដងស្រាប់តែមានសន្ដិសុខឈ្មោះ អេង ហៅ តា៥១ បានចុះទៅចាប់ឡាំងផ្លែឈើគាត់គ្រវែងចោលដោយមិនបាននិយាយហេតុផលអ្វីទាំងអស់។
ស្រ្តីជាអាជីវករបានបញ្ជាក់ថា កន្លងមកគាត់ដាក់លក់ផ្លែឈើនៅកន្លែងនឹងមិនដែលមានបញ្ហាអីនោះទេ តែកាលណោះគាត់បានប៉ះប៉ូវជាលុយប្រមាណ១០ម៉ឺនរៀលឱ្យទៅសន្ដិសុខនោះ តែពេលនេះគាត់លក់មិនសូវដាច់ពុំបានឱ្យលុយថ្លៃកាហ្វេរ គុយទាវ ទៅសន្តិសុខនោះទេ ទើបលោកសន្ដិសុខ មកចាក់ផ្លែឈើគាត់ចោល ហើយដេញគាត់មិនឱ្យលក់បន្ដទៅទៀតរួចបាននិយាយថាស្អប់គាត់ដល់ឆ្អឹងទៀតផង តើខ្ញុំធ្វើអីខុស? ។
ក្រោយពីបានប្រទោសសារ៉ាយគ្នារួចនៅថ្ងៃដដែលនោះប្រធានផ្សារបានលុងលោក ហេង ដារ៉ា បានកោះហៅសន្តិសុខឈ្មោះ អេង ហៅ តា៥១ និង អាជីវករឈ្មោះណា រ៉ែន ឱ្យចូលទៅស្នាក់ផ្សារដើម្បីសួរនាំអំពីមូលហេតុ ភ្លាមៗនោះដែរសន្ដិសុខផ្សារ តា៥១ បានតបថាពុំមែនដូច្នោះឡើយ ពោលគឺមុននិងលោកសម្រេចយកឡាំងផ្លែឈើចេញពីទីកន្លែងនោះ គឺបានណែនាំជាច្រើនដងមកហើយតែគេពុំព្រមស្ដាប់ ហើយនៅចំពោះមុខប្រធានផ្សារលោក អេង ហៅ តា៥១ សន្ដិសុខផ្សារបានលុងរូបនោះ បានទទួលស្គាល់ថា កន្លងមកលោកពិតជាធ្លាប់បានទទួលលុយពីអាជីវករនោះមែន។
លោកហេង ដារ៉ា ប្រធានក្រុមហ៊ុនវិនិយោគផ្សារបានលុង បានធ្វើកាណែនាំអប់រំដល់សន្តិសុខឈ្មោះអេង ហៅ តា៥១ នោះឱ្យចេះគោរពស្រឡាញ់អាជីវករលក់ដូរ ទោះបីពួកគេខុសត្រូវយ៉ាងមិចក៏មិនត្រូវទៅយកផ្លែឈើគេចាក់ចោលដូច្នេះនោះឡើយ។
លោកប្រធានផ្សារនៅបានបញ្ជាក់ថា កន្លងមកកូនចៅរបស់លោកមួយចំនួនតែងតែធ្វើកិច្ចការប្រាស់ចាក់ពីគោលការដែលលោកបានប្រគល់ឱ្យ ការបញ្ជាក់របស់ប្រធានផ្សារនេះគឺស្របទៅនឹងអ្វីដែលអាជីវករភាគច្រើនបានលើកឡើងថា សន្តិសុខព្រះនាម តា៥១ នេះរាប់អាន និងបង្កលក្ខណ:ងាយស្រួលឱ្យតែអាជីវករណាដែលបានឱ្យលុយក្រោមតុទៅគាត់តែប៉ុណ្ណោះ បើមិនបានឱ្យលុយគាត់ទេចង់អាជីវករនោះដាក់លក់បានត្រឹមត្រូវក៏គាត់មើលឃើញថាខុសដែរ ជាក់ស្ដែងដូចអាជីវករឈ្មោះណារ៉ែននេះតែម្តង។
គួររំលឹកដែរថា កាលពីឆ្នាំ២០២១ អាជ្ញាខេត្តរតនគីរីបានសម្រេចកសាងអគារមួយខ្នងនៅខាងមុខផ្សារបានលុងសម្រាប់ឱ្យបងប្អូនជនជាតិដើមភាគតិចលក់ដូរបន្លែផ្លែឈើរបស់សហគមន៍ជនជាតិ និងមិនឱ្យបង់ថ្លៃប៉ាតង់ភាស៊ីពន្ធដារអ្វីទាំងអស់ ប៉ុន្ដែបច្ចុប្បន្ននេះមានគេដើរប្រមូលលុយពីបងប្អូនជនជាតិដែលលក់បន្លែទាំងអស់នោះជារៀរាល់ថ្ងៃ ដោយសំអាងថា យកថ្លៃអនាម័យ និងថ្លៃភ្លើងសរុប ២៥០០រៀលក្នុងមួយថ្ងៃសម្រាប់ម្នាក់ រឿងនេះតំណាងសហគមន៍ជនជាតិដើមភាគតិចធ្លាប់បានប្ដឹងទៅអាជ្ញាធរក្រុងបាលុងឱ្យជួយអន្តរាគមន៍ផងដែរ តែមកដល់ពេលនេះលទ្ធផលហាក់ដូចជាមិនទាន់បានបញ្ចេញជាផ្លូវការណ៍ថា យ៉ាងណានៅឡើយទេចំណែកបងប្អូនជនជាតិដែលលក់បន្លែនៅផ្សារមួយរនេះនៅតែបន្ដបង់លុយដដែល។
លោក ហេង ដារ៉ា ប្រធានផ្សារបានបញ្ជាក់ដោយខ្លីថា ថ្លៃអនាម័យឱ្យយកតែ៥00រៀល ហើយបើអ្នកលក់ពេលយប់ត្រូវបង់ថ្លៃភ្លើង៥00រៀលសរុបតែ១.០០០រៀលប៉ុណ្ណោះ ហើយករណីខាងលើនេះចាំលោកសួរនាំសិន៕
ចំពោះករណីខាងលើនេះអង្គភាពរបស់យើងនៅតែរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ។