ព័ត៌មានសន្តិសុខសង្គម

ស្លាប់មនុស្ស៤នាក់ និងរងរបួស២នាក់ ក្នុងករណីផ្ទះគ្រាប់មីនស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និង លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត មណ្ឌល គិរី រួមទាំងអាជ្ញាធរក្រុងសែនមនោរម្យ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកាសាខា អនុសាខា និងយុវជនជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះគ្រួសារសព ០៤នាក់ ដែលបានស្លាប់ ដោយសារករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ និងរងរបួស ២នាក់ ស្ថិតនៅតំបន់ការពារធនធានធម្មជាតិត្រពាំងទុង ភូមិស្រែអ៉ី សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ដែលជានិច្ចកាល តែងតែយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក បញ្ជាក់ថា សម្រាប់សម្ភារៈ និងថវិកា ដែលចូលរួមរំលែកទុក្ខគ្រួសារសពនាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ថង សាវុន រួមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដើម្បីជួយដោះស្រាយដល់គ្រួសាររងគ្រោះបានមួយកម្រិត។ លោក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន នៅពេលប្រទះឃើញនូវគ្រាប់យុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ត្រូវរាយការណ៍ជូនដំណឹងដល់អាជ្ញាធរ ឬសមត្ថកិច្ចនៅមូលដ្ឋាន ដើម្បីចុះដោះស្រាយ និងទប់ស្កាត់បានទាន់ពេលវេលា។

នាឱកាសនោះ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី បានបន្តចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាផ្តល់ជូន ក្មួយស្រី ដែលរងរបួសនៅមន្ទីរពេទ្យបង្អែកខេត្ត និងសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយសារពស់ចឹក០២គ្រួសារ និងអ្នកជំងឺរ៉ាំរ៉ៃ ០១គ្រួសារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

សពជនរងគ្រោះចំនួន៤នាក់ដែលស្លាប់ដោយការផ្ទុះគ្រាប់កាលពីរសៀលថ្ងៃទី២០ ខែមេសាម្សិលមិញ ត្រូវបានអ្នកភូមិនៅទីនោះមិនព្រមឲ្យយកសពចូលភូមិនោះទេ ខណៈ ពេលនេះ ក្រុមគ្រួសារ ជនរងគ្រោះ និងសមត្ថកិច្ច នគរបាល កំពុងរៀបចំបូជាសពនៅក្នុងព្រៃតែម្តង នោះ បេីតាមការបញ្ជាក់ពី លោក ឡោ សុខា ស្នងការ នគរបាល ខេត្តមណ្ឌលគិរី នៅព្រឹក ថ្ងៃទី២១មេសា២០២៤។

សូមបញ្ជាក់ថា សម្រាប់សម្ភារៈ និងថវិកាដែលចូលរួមបុណ្យសព ២គ្រួសារ ស្មើនឹង ៤នាក់ នាពេលនេះ ទទួលបានថវិកាពីរដ្ឋបាលខេត្តមណ្ឌលគិរីចំនួន ៤លានរៀល សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន ត្រីខ ៤យួរ ទឹកស៉ីអ៉ីវ ២យួរ មី ៤កេះ អង្ករ ៤បេ ឃីត ១កញ្ចប់ និងថវិកា ១លានរៀល ដោយឡែក រដ្ឋបាលសាលាក្រុងសែនមនោរម្យ អង្ករ ២បេ និងថវិកា២លាន ៨០ម៉ឺនរៀល រួមទាំ យុវជនចំនួន ៤៥ម៉ឺនរៀល ដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ytt

Leave a Reply

Your email address will not be published.