អាជ្ញាធរ ខេត្តប៉ៃលិន ចុះពនិត្យមើលស្ថានភាព ជំនន់ទឹកភ្លៀងនៅ ឃុំ ស្ទឹងត្រង់
ប៉ៃលិន៖ បន្ទាប់ពីភ្លៀងធ្លាក់នៅផ្នែកខាងលើខ្លាំង ប៉ុន្មានថ្ងៃជាប់ៗគ្នា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់, និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញចុះពនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីត្រៀមផ្តល់ស្បៀងសង្គ្រោះបន្ទាន់ដល់ប្រជាពលដរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើន នៅតាមតំបន់ភ្នំផ្នែកខាងលើ ដែលបណ្តាលទឹកស្ទឹងប៉ៃលិន និងតាមអូរនានាក្នុងខេត្ត មានសភាពឡើងខុសប្រក្រតី បានធ្វើឱ្យជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ៨១ខ្នង ក្នុងនោះធ្ងន់ធ្ងរចំនួន ២៧ខ្នង ដូច្នេះអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាពមិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា៖ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ។សហការី