សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរ ខេត្តបាត់ដំបង រងការរិះគន់រឿង ឃុបឃិត អោយមានសង្វៀនមាន់ជល់ ខុសច្បាប់ កើតឡើងយ៉ាងពេញបន្ទុក
ខេត្តបាត់ដំបង: ប្រភពពីប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ភូមិ អូថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបងស្ថិតក្នុងច្រក អូររំដួល បានឲ្យដឹងថា បច្ចុប្បន្នសង្វៀនមាន់ជល់ជ្រកក្រោមកន្លែង casino របស់បុគ្គលឈ្មោះ (តា.សឺ )កំពុងដំណើរការយ៉ាងសប្បាយព្រោះមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ល្បែងភ្នាល់មាន់ដ៍ធំមហាសាលនៅក្នុងច្រកអូររំដួល ស្ថិតនៅក្រោមការ ចាត់ចែងពីសំណាក់ បុគ្គលម្នាក់ឈ្មោះ( តាសឺ) ដែលជាបក្ខពួករបស់បុគ្គលឈ្មោះ (តា.ស)។ ចំណែកលោក អធិការនគរបាលស្រុកភ្នំព្រឹក និងអភិបាលក្រុងបាត់ដំបង មិនចាត់វិធានការបង្ក្រាបសង្វៀនមាន់ជល់ខុសច្បាប់របស់បុគ្គលឈ្មោះ (តា.សឺ) និងបក្ខពួកនោះទេ?
ប្រភពខាងលើបញ្ជាក់ទៀតសង្វៀនមាន់ជល់ល្បីល្បាញខាងលើនេះបានបង្កើតកម្មវិធីពិសេសគឺលើកពានរង្វាន់មានទឹកប្រាក់ចាប់ពី20 លានរៀលរហូតទៅដល់ 40លានរៀលដើម្បីប្រកួតយកពានរង្វាន់លេខ 1។
តាមសេចក្តីរាយការណ៍ខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ទេនោះគឺបុគ្គលឈ្មោះ ( តា.សឺ) និងបក្ខពួកមិនអាចបើកល្បែង សង្វៀន ជល់មាន់ ក៏ដូចជាល្បែងបៀអាប៉ោងយ៉ាងពេញបន្ទុកនៅក្នុងស្រុកភ្នំព្រឹក និងសង្កាត់ផ្សេងៗទៀតនោះទេ។ ប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះរហូតមកដល់ពេលនេះលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង មិនចាត់វិធានការបង្ក្រាប សង្វៀនមាន់ជល់ខុសច្បាប់របស់បុគ្គលឈ្មោះ (តា.សឺ) និងបក្ខពួកទាល់តែសោះ។ ជាងនេះ ទៅទៀតលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរក្នុងខណៈដែលល្បែងស៊ីសងជល់មាន់ខុសច្បាប់របស់បុគ្គលឈ្មោះ (តា.សឺ) បានរាលដាលកាន់តែខ្លាំងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមយ៉ាងខ្លាំងថែមទៀតផង។
តាមការបង្ហើបពីប្រភពដែលស្និទ្ធនឹងបុគ្គលឈ្មោះ (តា.សឺ) បានឲ្យដឹងថា មានមន្ត្រីធំៗទាំងសមត្ថកិច្ចទាំងអាជ្ញាធរ ទទួលផលប្រយោជន៍ពីបុគ្គលឈ្មោះ (តា.សឺ) ទើបបុគ្គលនេះអាចបើកល្បែងស៊ីសងខុសច្បាប់ក្នុងច្រក អូររំដួល ស្រុកភ្នំព្រឹក និងសង្កាត់ផ្សេងៗទៀតស្រេចតែអំពើចិត្ត ។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កំពុងបណ្តោយឲ្យល្បែងស៊ីសងជល់មាន់ខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក ដោយមិនខ្វល់ពីអំពើចោរកម្ម និងបទល្មើសផ្សេងៗធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ជាពិសេសក្រសួងសុខាភិបាលគួរតែចាប់វិធានការស៊ើបអង្កេតឲ្យមានភាពស៊ីជម្រៅទៅលើសង្វៀនមាន់ជល់ដ៏ធំមួយនេះជាបន្ទាន់ផងខណៈពេលដែលជំងឺកូវីដ១៩កំពុងតែរីករាលដាលយ៉ាងខ្លាំង៕ដោយ:កញ្ញារស្មី