២ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាប ល្បែង ខុសច្បាប់៣០០ទីតាំង ឃាត់ខ្លួនមនុស្ស ជិត៥០០នាក់
ភ្នំពេញ ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំ ពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតពី ថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត ដោយឃាត់ខ្លួន មនុស្សសរុបចំនួន៤៩៦នាក់។ ក្នុងចំណោម ទាំង៣០០ទីតាំង សមត្ថកិច្ចនគរបាលបាន ចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។ លោក ទូច សុឃៈ អះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។